ថ្ងៃឆ្ពោះទៅរកប៉ារ៉ាហ្គេម

sport-in-live
thumbnail

អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក៖ «ឈ្នះមេដាយស៊ីហ្គេម មិនមែនរង់ចាំត្រឹមតែឆ្នាំ ប៉ុន្តែឈានចូលដល់ជំនាន់»


២៤ ឧសភា ២០២២
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ អត្តពលិកកីឡាហែលទឹកកម្ពុជា វិញ្ញាសាហែលពាក់ជើងទា បែបបណ្តាក់ ៤គុណនឹង២០០ម៉ែត្រ (Fin swimming-Men’s Relay 4 x 200m Surface) ទទួលបានមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលទើបតែធ្វើពិធីបិទបញ្ចប់កាលពីម្សិលមិញ។

ការទទួលបានមេដាយសំរឹទ្ធនេះ គឺជាការឈ្នះមេដាយលើកដំបូង លើវិញ្ញាសាហែលទឹកពាក់ជើងទា នៅស៊ីហ្គេម សម្រាប់កម្ពុជា ក្នុងការបង្ហាញខ្លួនលើកទី១ នៅឆ្នាំនេះ ខណៈវិញ្ញាសានេះ ត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០០៣។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានសម្ដែងក្ដីមោទកភាព និងចាត់ទុកថា ជាយុទ្ធសាស្ត្រសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោក ហែម គីរី បានមានប្រសាសន៍ដូច្នេះថា៖ «សម្រាប់ពួកគាត់គឺខ្ញុំមោទកភាព ដែលគាត់ទាំង ៦នាក់ ប្រឹងប្រែងឆ្លងកាត់ការលំបាកជាច្រើន ព្យាយាមតស៊ូ ជម្នះគ្រប់ឧបសគ្គទាំងអស់គ្នា ជាពិសេសគឺសហព័ន្ធខ្មែរកីឡាហែលទឹក មានថ្នាក់ដឹកនាំគឺឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលលោកជាប្រធាន។ ពេលនេះយើងអាចបង្ហាញថា កម្ពុជាយើងអាចធ្វើបាន ឲ្យតែយើងមានការតស៊ូព្យាយាម អត់ធ្មត់។ អ្វីទាំងអស់នេះ កើតឡើងមិនមែនដោយចៃដន្យទេ គឺយើងមានការព្យាយាមតស៊ូយ៉ាងខ្លាំង ឆ្លងកាត់ឧបសគ្គជាច្រើន ជាពិសេសគឺផ្លូវអារម្មណ៍ ដែលប្រភេទកីឡាហែលទឹកតែងតែរងសម្ពាធ។ តាមពិតទៅគឺខ្ញុំព្យាយាមគិតថា វាជារឿងដែលល្អសម្រាប់ការចាប់ផ្ដើមរបស់សហព័ន្ធខ្មែរកីឡាហែលទឹក គឺលទ្ធផលមួយនេះ ធ្វើឲ្យមានការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើង។ ទាំងកីឡាករ-កីឡាការិនីរបស់យើង គឺគាត់ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជាតិ»។

«ពិតជាមានការលំបាកក្នុងការទទួលបានលទ្ធផលមួយនេះ។ ខ្ញុំមានតែការអរគុណដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមប្រធាន ក្រុមការងារ គ្រូបង្វឹកក កីឡាករ-កីឡការិនី។ ថ្វីដ្បិតតែយើងទៅលើកនេះកីឡាការិនីរបស់យើងមិនទាន់ទទួលបានលទ្ធផលជាមេដាយ ប៉ុន្តែពួកគាត់បានប្រឹងប្រែងអស់ពីសមត្ថភាព ហើយបានឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រដែលយើងនឹកស្មានមិនដល់ ព្រោះជាលើកទី១ សម្រាប់ការឈានចូលការប្រកួតប្រភេទកីឡាហែលទឹកពាក់ជើងទានេះ។ វាជាយុទ្ធសាស្ត្រសម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីឈានទៅរកមេដាយនៅក្នុងកីឡាស៊ីហ្គេម ២០២៣»។ អតីតកីឡាករហែលទឹកជម្រើសជាតិកម្ពុជារូបនេះបានបន្ថែម។

សម្រាប់ការឈ្នះមេដាយលើកនេះ ក៏ជាការឈ្នះមេដាយលើកដំបូងក្នុងរយៈពេល ៤៩ឆ្នាំចុងក្រោយ លើប្រភេទកីឡាហែលទឹក (Aquatic) នៅស៊ីហ្គេមផងដែរ ដោយកម្ពុជា ឈ្នះមេដាយចុងក្រោយ គឺកាលពីឆ្នាំ១៩៧៣ ក្នុងស៊ីហ្គេម លើកទី៧ នៅប្រទេសសិង្ហបុរី។ លោក ហែម គីរី ថាការឈ្នះនេះ គឺរង់ចាំយូរមកហើយ ដោយអាចនិយាយបានថាមិនមែនត្រឹមតែឆ្នាំ ប៉ុន្តែឈានចូលដល់ជំនាន់ ដ្បិតកម្ពុជា ធ្លាប់ឈ្នះមេដាយលើប្រភេទកីឡានេះតាំងពីទស្សវត្ស៍ទី៧០ មកម៉្លេះ។

«យើងឃើញជាក់ស្ដែងសឹងតែជាប្រភេទកីឡាមិនធ្លាប់មានមេដាយសោះលើកនេះ គឺយើងបានបង្ហាញអំពីសមិទ្ធផលថ្មី លទ្ធផលថ្មី ជាពិសេសគឺយើងបានបង្ហាញថា ការតស៊ូព្យាយាម អត់ធ្មត់របស់ពួកយើង គឺនឹងទទួលបានលទ្ធផលនៅថ្ងៃណាមួយ។ ជាក់ស្ដែងគឺក្រុមកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាយើងគឺព្យាយាមរយៈពេលយូរហើយ។ យើងនិយាយថា មិនមែនត្រឹមឆ្នាំទេ គឺចូលជំនាន់។ អ៊ីចឹង យើងមានការលះបង់រយៈពេលវែងឆ្ងាយ។ … យើងបានលទ្ធផលនេះ យើងមិនភ្លេចខ្លួន ហើយយើងនឹងប្រឹងបន្តសម្រួចសម្រាប់ការប្រកួតស៊ីហ្គេម ២០២៣»។ សម្ដីរបស់ លោក ហែម គីរី។

សូមរំឮកថា កាលពីឆ្នាំ១៩៧៣ អត្តពលិកកីឡាហែលទឹកកម្ពុជា ឈ្នះមេដាយ ១៣គ្រឿង ក្នុងនោះមាស ២គ្រឿង ប្រាក់ ៧គ្រឿង និងសំរឹទ្ធ ៤គ្រឿង ប៉ុន្តែពេលនោះ ពុំទាន់មានវិញ្ញាសាហែលពាក់ជើងទា នៅឡើយ៕