ថ្ងៃឆ្ពោះទៅរកប៉ារ៉ាហ្គេម

sport-in-live
thumbnail

លោក Cassey Barnett ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា ដាក់យុទ្ធសាស្រ្តបង្កើនការប្រកួតទាំងក្នុង និងក្រៅស្រុក ដើម្បីពង្រឹងស្មារតីកីឡាករ កីឡាការិនី


២៧ ឧសភា ២០២២
NEWS SEA GAMES KH

អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក Cassey Barnett បានបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជា បានដាក់យុទ្ធសាស្រ្តបង្កើនការប្រកួតទាំងក្នុង និងក្រៅស្រុក ដើម្បីទទួលបានបទពិសោធន៍ បច្ចេកទេស និងពង្រឹងស្មារតីកីឡាករ កីឡាការិនី អោយបានច្រើនល្អប្រសើរ ត្រៀមដណ្តើមេដាយឲ្យបានច្រើន នៅស៊ីហ្គេម ឆ្នាំ២០២៣។ ការថ្លែងបែបនេះ ធ្វើឡើងក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

លោក Cassey Barnett បន្តថា ប្រភេទកីឡាចំបាប់ ដណ្តើមបានមេដាយសរុប ៦គ្រឿង ក្នុងនោះ មាស១ ប្រាក់១ និងសំរិទ្ធ៤ ឈរលេខ៣ ក្នុងចំណោម១៥ប្រភេទកីឡារបស់កម្ពុជា ខណៈកីឡាវ៉ូវីណាមឈរលេខ១ ដណ្តើមបានមេដាយសរុប ៩គ្រឿង មាស៣ និងសំរិទ្ធ ៦គ្រឿង។ លេខ២ គឺកីឡាប៉េតង់ ដណ្តើមបានមេដាយ ៧គ្រឿង មាស២ ប្រាក់២ និងសំរិទ្ធ៣។

លោកអនុប្រធានសហព័ន្ធ បន្ថែមទៀតថា សហព័ន្ធនឹងបង្កើនការហ្វឹកហាត់អោយខ្លាំង ដើម្បីសម្រួចសិទ្ធផលអោយកាន់តែមានសក្តានុពល ជាពិសេសយើងនឹងបញ្ជូនកីឡាការិនីចំបាប់កម្ពុជា ទៅហ្វឹកហាត់នៅក្រៅប្រទេស និងចូលរួមការប្រកួតកម្រិតអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ ត្រៀមលក្ខណៈសម្បត្តិអោយគ្រប់គ្រាន់ ឆ្ពោះទៅដណ្តើមមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះបន្តវេន ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយមោទកភាព។

គួរបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កម្ពុជា គ្រោងនឹងរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ ជើងឯកអាស៊ីគ្នេយ៍ នៅចុងឆ្នាំ២០២២នេះ ដើម្បីបង្កើនបទពិសោធន៍ បច្ចេកទេស និងពង្រឹងស្មារតីកីឡាករ កីឡាការិនី ត្រៀមដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣៕