កម្ពុជាឈ្នះមេដាយមាសលើសគោលដៅកំណត់នៅអាស៊ានប៉ារ៉ាហ្គេមលើកទី១១

CAMSOC-សូឡូ៖ កម្ពុជាបានសម្រេចគោលដៅមេដាយមាសតាមការគ្រោងទុកក្នុងការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ទាំងព្រឹត្តិការណ៍ប្រកួតមិនទាន់ចប់។

ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជាចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឥណ្ឌូនេស៊ី ធ្លាប់បានឲ្យដឹងថា កម្ពុជាបានកំណត់យកមេដាយមាសឲ្យបានចំនួន៣គ្រឿង។ ចំណែកមេដាយប្រាក់ និងសំរឹទ្ធ ត្រូវរកឲ្យបានច្រើនគ្រឿងពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២២។

គិតត្រឹមថ្ងៃទី៣ ខែសីហា បន្ទាប់ពីបើកដំណើរការប្រកួតតាំងពីថ្ងៃទី៣០ ខែកក្កដា ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយមាស៥គ្រឿង មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៦គ្រឿង។ ដូច្នេះមានន័យថា កម្ពុជាទទួលបានមេដាយមាសលើសចំនួនកំណត់ហើយ ខណៈការប្រកួតនៅវិញ្ញាសាជាច្រើនទៀត។

កាលពីថ្ងៃទី៣១ ខែកក្កដា កម្ពុជាបានឈ្នះមេដាយមាស១ និងសំរឹទ្ធ១។ ថ្ងៃទី១ ខែសីហា បានឈ្នះមាស១ ប្រាក់៣ និងសំរឹទ្ធ១, ថ្ងៃទី២ ខែសីហា បានឈ្នះមាស១ ប្រាក់៣ សំរឹទ្ធ២ និងថ្ងៃទី៣ ខែសីហា បានឈ្នះមាស២ ប្រាក់១ និងសំរឹទ្ធ២។

មិនត្រឹមឈ្នះមេដាយមាសលើសគោលដៅកំណត់ប៉ុណ្ណោះទេ ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយសរុបច្រើនជាងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមមុនៗទាំងអស់ពោលគឺឈ្នះសរុប១៨គ្រឿង ប្រៀបធៀបនឹងកាលឆ្នាំ ឆ្នាំ២០០១ បាន៣គ្រឿង, ឆ្នាំ២០០៣ បាន៩គ្រឿង, ឆ្នាំ២០០៥ បាន៥គ្រឿង, ឆ្នាំ២០០៧ (រៀបចំដើមឆ្នាំ២០០៨) បាន១គ្រឿង, ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ២០១១ បាន៧គ្រឿង, ឆ្នាំ២០១៣ ( ដើមឆ្នាំ២០១៤) បាន៩គ្រឿង, ឆ្នាំ២០១៥ បាន ៩គ្រឿង និងឆ្នាំ២០១៧ បាន១០គ្រឿង។

ការឈ្នះមេដាយមាសគិតត្រឹមពេលនេះ៥គ្រឿងក៏ជាការឈ្នះមេដាយមាសច្រើនជាងលើកណាៗទាំងអស់គិតចាប់ពីលើកទី១រហូតដល់លើកទី៩។

អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះកម្ពុជា បានបញ្ជូនកីឡា១១ប្រភេទចូលរួមប្រកួត គឺកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៥ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា៕

03/08/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org