ថ្ងៃឆ្ពោះទៅរកប៉ារ៉ាហ្គេម

sport-in-live
thumbnail

សីដក់ បានសម្រួច២វិញ្ញាសាខ្លាំងបំផុត ដើម្បីសម្រេចមេដាយឲ្យបានស៊ីហ្គេម២០២៣


០២ កញ្ញា ២០២២
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានសម្រួចទិសដៅរបស់ខ្លួន ដោយកំណត់ហាត់ឲ្យបានខ្លាំងបំផុតលើវិញ្ញាសាចំនួន ២ សំខាន់ដែលសហព័ន្ធគិតថា នឹងអាចស្វែងរកមេដាយបានជូនជាតិ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជា បានបង្ហើបប្រាប់មកកាន់ Cambodia 2023 ថា សម្រាប់ប្រភេទកីឡារបស់លោកបានកំណត់គោលដៅយ៉ាងច្បាស់រួចហើយថា នឹងយកមេដាយមាសឲ្យបានយ៉ាងហោចចំនួន១ជូនជាតិសម្រាប់ស៊ីហ្គេម២០២៣។ ក្នុងចំណោមប្រភេទវិញ្ញាសាទាំងអស់កីឡាកររបស់លោកក៏បានដឹងហើយថា វិញ្ញាសាមួយណាដែលលោកបានដាក់គោលដៅឲ្យប្រឹងប្រែងហាត់ឲ្យខ្លាំងនោះ។

គ្រូបង្វឹកដែលបានដាក់ចិត្តកាយប្រឹងប្រែងកីឡានេះអស់ជាង១០ឆ្នាំមកហើយបាននិយាយថា ៖«នៅក្នុងការប្រកួតស៊ីហ្គេម យើងដឹងជាក់ស្ដែង វាមានច្រើនប្រទេសចូលរួម។ សម្រាប់យើងម្ចាស់ផ្ទះយើងអាចដាក់គ្រប់វិញ្ញាសាទាំងអស់បាននូវការប្រកួតដែលយើងរៀបចំ ហើយប្រទេសដែលចូលរួមអាចមានពីរវិញ្ញាសា ឬបីវិញ្ញាសាទេ។ អីចឹងនៅក្នុងចន្លោះហ្នឹងយើងនឹងមានប្រទេសមួយចំនួនដែលគេមានកម្រិតសមត្ថភាពប្រហាក់ប្រហែលយើង ដែលយើងប្រជែងយកមេដាយ។ ដូច្នេះអ្វីដែលខ្ញុំសំឡឹងឃើញសម្រាប់វិញ្ញាសា ២ ទល់ ២ និង៤ទល់៤ ដែលវិញ្ញាសានេះតម្រូវឲ្យកីឡាករយើងលេងវាយសេវាពីខាងក្រោយដូចគ្នា។ អីចឹងកន្លងមកពីរវិញ្ញាសានេះការលេងនៅស៊ីហ្គេមនៅវៀតណាមអីក៏យើងប្រហាក់ប្រហែលគេដែរ គប់បានអីបាន ធ្វើរនាំងអីបាន ចាប់បានអីដូចគ្នាតែយើងនៅស្ទើរតែអារម្មណ៍មួយហ្នឹង។ អីចឹងយើងពង្រឹងអាហ្នឹងថែមតិចទៀតល្អហើយ»។

គ្រូបង្វឹកខាងលើដដែលក៏បានបង្ហើបទៀតថា រាល់ចំណុចខ្វះខាតទាំងនេះលោកបានមើលឃើញកីឡាករទាំងអស់ក៏ដឹងពីកម្រិតរបស់ខ្លួនដូចគ្នា។ ទន្ទឹមនឹងនោះដើម្បីជាការត្រៀមខ្លួនឲ្យបានល្អឥតខ្ចោះនោះនៅពេលបានទៅហាត់នៅខាងក្រៅប្រទេសនេះលោកនឹងស្វែងរកគូប្រកួតខ្លាំងៗឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីពង្វឹកផ្នែកបទពិសោធ និងស្មារតីដល់កីឡាករ។

ក្រុមកីឡាករសីដក់ និងឈិនឡូន កម្ពុជាកំពុងត្រៀមខ្លួនដើម្បីចេញទៅហាត់នៅថៃ ដោយរង់ចាំឯកសារធ្លាក់មកប៉ុណ្ណោះ។ តាមគម្រោងគឺនឹងហាត់នៅថៃដល់ខែវិច្ឆិកា ឆ្នាំ២០២២ រួចហើយត្រឡប់មកកម្ពុជាវិញ ដើម្បីប្រកួតកីឡាជាតិក្នុងខែអំឡុងវិច្ឆិកា។ ក្រោយមកក៏រៀបចំឯកសារទៅហាត់នៅមីយ៉ាន់ម៉ាចន្លោះពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ ខែឧសភា ឆ្នាំ២០២៣ ទើបត្រឡប់មកកម្ពុជាវិញ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម២០២៣តែម្ដង៕