ថ្ងៃឆ្ពោះទៅរកប៉ារ៉ាហ្គេម

sport-in-live
thumbnail

ថ្នាក់ដឹកនាំកីឡាវ៉ូវីណាម បង្ហាញសុទិដ្ឋិនិយម ក្រោយបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ


១៩ កញ្ញា ២០២២
NEWS SEA GAMES KH

CAMSOC-ភ្នំពេញ៖ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បន្ទាប់ពីរកឃើញធនធានថ្មីៗ ដែលមានសមត្ថភាព និងទេពកោលសល្យល្អ ពិសេសបានពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម កាន់តែប្រសើរ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងក្នុងពិធីបិទការប្រកួតថា «ការប្រកួតនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានកីឡាករ-កីឡាការិកី ចូលរួមសរុប ៨២នាក់។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺជាការប្រកួតដ៏សំខាន់ បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ សម្រាប់កីឡាករ-កីឡាការិនី អភិវឌ្ឍ និងបង្កើនសមត្ថភាព រួមទាំងអាជ្ញាកណ្ដាល-ចៅក្រម និងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួតផងដែរ»។

ឯកឧត្តមបន្ដថា ដោយសារការខិតខំ និងរួបរួមគ្នានេះដែរ បានជំរុញឲ្យកីឡាវ៉ូវីណាមកម្ពុជា ទទួលបានសមិទ្ធផលដ៏រីករាយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ១៧លាននាក់ ក្នុងស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលពីថ្មីៗ ដោយដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៩)។ ប៉ុន្ដែយ៉ាងនេះក្ដី ក៏សហព័ន្ធកំពុងបន្ដខិតខំបណ្ដុះបណ្ដាលធនធានកីឡាករ ទាំងឈុតស៊ីហ្គេម និងថ្នាល តាមបណ្ដាសមាគម/ក្លិប ដើម្បីត្រៀមលក្ខណៈការប្រកួតនានា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

លោក យាំ ថៃសាន អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា «ក្រោយពីបញ្ចប់ការប្រកួតរយៈពេល ៣ថ្ងៃមកនេះ សហព័ន្ធសម្លឹងឃើញកីឡាករ-កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់ មានស្មារតីអង់អាចក្លាហាន ដែលអាចប្រកួតប្រជែងនៅកម្រិតជាតិ និងអន្ដរជាតិ។ រីឯអាជ្ញាកណ្ដាល-ចៅក្រម និងមន្ដ្រីបច្ចេកទេសរៀបចំការប្រកួត ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតនានា ពិសេសការប្រកួតកីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ»។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិខាងលើ ពិសេសឯកឧត្ដមបានជំរុញឲ្យកីឡាករ-កីឡាការិនីជ័យលាភី បន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ និងស្វែងរកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផល នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ វិញ គឺក្លិបកីឡាវ៉ូវីណាម ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ សរុប ១៥គ្រឿង (មាស ៩ ប្រាក់ ២ និងសំរឹទ្ធ ៤) ខណៈខេត្តស្វាយរៀង ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ១) និងក្រសួងមហាផ្ទៃ ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ១០ សរុប ១៤គ្រឿង។ ចំណែកឯក្លិបខណ្ឌសែនសុខ ឈរលេខ៤ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ ៦) និងខេត្តកំពង់ស្ពឺ ឈរលេខ៥ ឈ្នះមេដាយសរុប ៣គ្រឿង រួមមានមេដាយមាស ២ និងប្រាក់ ១៕