បាល់បោះជិះរទេះជនពិការកម្ពុជារំពឹងទទួលបានលទ្ធផលល្អ ពីការប្រកួតអន្តរជាតិនៅឥណ្ឌា

CAMSOC-ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានចេញដំណើរទៅចូលរួមប្រកួត ICRC International Wheelchair Basketball Tournament លើកទី៣នៅប្រទេសឥណ្ឌា រយៈពេល៨ថ្ងៃ ពីថ្ងៃទី៥ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេស មុនអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។

លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ការចូលរួមប្រកួតអន្តរជាតិនៅប្រទេសឥណ្ឌានេះ សហព័ន្ធបានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។

លោកបានបន្តថា ការប្រកួតនេះ ក្រុមបុរសមាន៨ប្រទេស ប៉ុន្តែកម្ពុជាបញ្ជូនតែក្រុមនារីប៉ុណ្ណោះ និងមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។ ការប្រកួតបើកឆាករបស់ក្រុមកីឡាការិនីកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌា ម៉ោង៩:០០ព្រឹក និងម៉ោង១៥:00 រសៀលប៉ះ នេប៉ាល់ ថ្ងៃទី០៨ ខែវិច្ឆិកា និងថ្ងៃទី០៩ បន្តប៉ះគ្នាប្រកួតលើកទី២ ដើម្បីស្វែងរកក្រុមឡើងប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក។ ការប្រកួតកម្រិតអន្តរជាតិច្រើន មានសារសំខាន់សម្រាប់អត្តពលិកបាល់បោះជនពិការកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងជាម៉ែត្រវាស់ស្ទង់មួយ អំពីសមត្ថភាព និងបង្កើនសិទ្ធផលឲ្យបានល្អប្រសើរ។

ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខ។

គួររម្លឹកថា កីឡាបាល់បោះជិះរទេះជនពិការ ផ្នែកនារី គឺជាកីឡាសក្តានុពលរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២កន្លងទៅថ្មីនេះ ក្នុងចំណោម១១ប្រភេទកីឡាចូលរួម។

សូមបញ្ជាក់ថា សម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង រួមមាន អត្តពលកម្ម, ប៊ូស្យ៉ា, វាយសី, អុក, បាល់ទាត់ (៥ម្ខាង), បាល់ទាត់ (៧ម្ខាង), បាល់ទះ, លើកទម្ងន់, បាល់ទះអង្គុយ, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់បោះជិះរទេះ ដែលការប្រកួតនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

04/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org