ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានយកឈ្នះ ក្រុមកីឡាការិនីឥណ្ឌា ក្នុងលទ្ធផល ៥៨ទល់១៤

CAMSOC-ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះឥណ្ឌា ពីប្រកួត ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា។

លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ការប៉ះគ្នាជាមួយក្រុមកីឡាការិនីម្ចាស់ផ្ទះ ឥណ្ឌា ក្រុមកីឡាការិនីកម្ពុជាធ្វើបានល្អ ដោយយកឈ្នះក្នុងលទ្ធផល ១៤ទល់៥៨ នឹងបន្តជួបក្រុមកីឡាការិនីនេប៉ាល់ នៅវេលាម៉ោង០៣:០០នាទី រសៀលនេះ។ លោក បន្តថា ការចូលរួមប្រកួតកម្រិតអន្តរជាតិនេះ សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ដោយចូលរួមជាមួយបណ្តាប្រទេសជាច្រើនទៀត សរុបចំនួន ៨ប្រទេស ដែលមានដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា ម្ចាស់ផ្ទះ។

លោកគ្រូបង្វឹករូបនេះ បានបន្ថែមថា ការប្រកួតនេះ ក្រុមបុរសមាន ៨ប្រទេស ប៉ុន្តែកម្ពុជាបញ្ជូនតែក្រុមនារីប៉ុណ្ណោះ និងមានតែ ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។ លោក ម៉ៅ សុខជា បញ្ជាក់ថា ការប្រកួតបន្ទាប់ ក្រុមកម្ពុជានឹងធ្វើបានល្អជាងនេះ ហើយលោកសង្ឃឹមថា ក្រុមបាល់បោះជិះរទេះ ទាំងបុរស និងនារី នឹងមានការប្រកួតកម្រិតអន្តរជាតិច្រើន ពីព្រោះវាមានសារសំខាន់សម្រាប់អត្តពលិកបាល់បោះជនពិការកម្ពុជា ដុសខាត់សមត្ថភាព និងបង្កើនបទពិសោធន៍អោយបានល្អប្រសើរ ត្រៀមធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់។

គួរបញ្ជាក់ថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ ខាងមុខ។

គួររម្លឹកថា កីឡាបាល់បោះជិះរទេះជនពិការ ផ្នែកនារី គឺជាកីឡាសក្តានុពលរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២កន្លងទៅថ្មីនេះ ក្នុងចំណោម ១១ប្រភេទកីឡាចូលរួម។

សូមបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង៕

08/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org