ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ឈរលេខ១ក្នុងពូល ក្រោយឈ្នះ២ប្រកួតជាប់គ្នាៗ

Camsoc-ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះនេប៉ាល់ ក្នុងប្រកួតទី២ ពីការប្រកួត ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា និងបន្តឈរលេខ១ ក្នុងពូល។

លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា បានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះនេប៉ាល់ ក្នុងលទ្ធផល ៥៦ទល់២២។
លោកគ្រូបង្វឹករូបនេះ បន្តថា បន្ទាប់ពីឆ្លងកាត់២ប្រកួត ក្រុមកីឡាការិនីកម្ពុជា ធ្វើបានល្អ ឈរលេខ១ក្នុងពូល នៅដំណាក់កាលទី១ ប៉ុន្តែក្រុមទាំង៣ បន្តប្រកួតគ្នា២ប្រកួតទៀត ដើម្បីស្វែងរកក្រុមឈរលេខ១ និងលេខ២ និងត្រូវប្រកួតផ្តាច់ព្រ័ត្រដណ្តើមពាន។

គួរបញ្ជាក់ថា សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដែលមានដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។ ដោយឡែក ក្រុមនារីមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។

លោក ម៉ៅ សុខជា បញ្ជាក់ថា ក្រុមកីឡាការិនីបាល់បោះជិះរទេះនារីកម្ពុជា នឹងឈ្នះពានកម្រិតអន្តរជាតិនេះ ដើម្បីជាការប្រកួតបង្កើនសមត្ថភាព និងកម្តៅសាច់ដុំ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ ក្នុងនាមជាក្រុមការពារមេដាយមាសផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខ។

គួររំលឹកថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង៕

09/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org