ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជាប្រកួតនឹងម្ចាស់ផ្ទះឥណ្ឌាថ្ងៃនេះដណ្តើមជើងឯក

CAMSOC-ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះឥណ្ឌា ដណ្តើមជើងឯក រសៀលថ្ងៃសុក្រ ក្រោយពីឈ្នះ២ប្រកួត នៅវគ្គជម្រុះដំណាក់កាលទី២ ក្នុងព្រឹត្តិការណ៍ ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា។

លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ទោះបីការប្រកួតច្រើនដងជាមួយក្រុមដដែលៗ ក៏ក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា នៅតែធ្វើបានល្អ ដោយបានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះនេប៉ាល់ ក្នុងលទ្ធផល ៥០ទល់២៥ និងឈ្នះម្ចាស់ផ្ទះឥណ្ឌា ៤៤ទល់២៦។

លោកគ្រូបង្វឹករូបនេះ បន្តថា បន្ទាប់ពីឆ្លងកាត់៤ប្រកួត ក្រុមកីឡាការិនីកម្ពុជា នៅតែឈរលេខ១ក្នុងពូល ទាំងដំណាក់កាលទី១ និងដំណាកឮកាលទី២។ បន្ទាប់ពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងនឹងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខ។

សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។ ដោយឡែកក្រុមនារីមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង៕

11/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org