ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជាក្លាយជាជើងឯក ក្រោយឈ្នះម្ចាស់ផ្ទះឥណ្ឌាដោយពិន្ទុដាច់ឆ្ងាយ

CAMSOC-ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានក្លាយជាម្ចាស់ពានរង្វាន់ ICRC International Wheelchair Basketball Tournament លើកទី៣ បន្ទាប់ពីបានយកឈ្នះក្រុមកីឡាការិនីម្ចាស់ផ្ទះឥណ្ឌា នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផលដាច់ឆ្ងាយ ៥៥ទល់១៤ ដែលក្នុងការប្រកួតនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសឥណ្ឌា និងសហការីផងដែរ។

លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ការឈ្នះពាន គឺជាការកម្តៅសាច់ដុំមួយយ៉ាងល្អ ដោយសារឆ្លងកាត់៥ប្រកួត ក្រុមកីឡាការិនីកម្ពុជាទទួលបានជ័យជម្នះទាំងអស់ រហូតឈ្នះពានរង្វាន់។ បន្ទាប់ពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការកម្ពុជា គ្រោងនឹងប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខ។

សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដែស កម្ពុជា លីប៊ី អាហ្វហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា។ ដោយឡែកក្រុមនារីមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់ឲ្យប្រកួតប្រជែង៕

11/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org