សម្តេចតេជោ អញ្ជើញមេដឹកនាំអាស៊ានចូលរួមពិធីបើកកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

CAMSOC-ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានអញ្ជើញមេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ក៏ដូចជាព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៅឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍អញ្ជើញដូច្នេះ ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនប្រទេសឥណ្ឌូនេស៊ី នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖«ខ្ញុំសូមយកឱកាសនេះ អញ្ជើញថ្នាក់ដឹកនាំអាស៊ានចូលរួម ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម ផ្លូវការ លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី១២ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ដែលជាសមិទ្ធផលមួយទៀត សម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង»។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ក៏ដូចជាព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងទទួលបានការអញ្ជើញចូលរួមធ្វើពិធីបើកដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់។

កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ គ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចំនួន ៣៨ប្រភេទ បូកកីឡាសម្ដែង១ប្រភេទ ស្មើនឹង ៦០៨វិញ្ញាសា ដាក់ឲ្យប្រកួត។ ដោយឡែក កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងកីឡាចំនួន១២ប្រភេទ៕

13/11/2022

© CAMBODIA 2023 – All Rights Reserved.
webmaster@cambodia2023.org